ការរៀបចំប្រមូលចងក្រងឯកសារ និងលទ្ធិប្រជាធិបតេយ្យ

មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាមជ្ឈមណ្ឌលអប់រំនិងសិក្សាស្រាវជ្រាវឯករាជ្យ មិនមែនរដ្ឋាភិបាល មិនរកប្រាក់កម្រៃ និងមិនប្រកាន់និន្នាការនយោបាយ នៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការប្រមែប្រមូលចងក្រងឯកសារនានាទាក់ទិននឹងប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩។

នៅឆ្នាំ១៩៩៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំបង្កើតជាមជ្ឈមណ្ឌលអប់រំនិងសិក្សាស្រាវជ្រាវឯករាជ្យមួយនិងមានភារកិច្ចប្រមែប្រមូល និងរៀបចំចងក្រងឯកសារ ព្រមទាំងធ្វើការផ្សព្វផ្សាយព័ត៌មានស្តីពីរបបខ្មែរក្រហម។ លិខិតអនុញ្ញាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានធ្វើជាពីរភាសាគឺភាសាអង់គ្លេស និងភាសាខ្មែរ។ ដើមឡើយក្នុងឆ្នាំ ១៩៩៥  មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងដោយមានជំនួយឧបត្ថម្ភគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយសាកលវិទ្យាល័យយ៉ែល(Yale University) នៅសហរដ្ឋអាមេរិក។

ចាប់តាំងពីឆ្នាំ១៩៩៧ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាស្ថាប័នឯករាជ្យផ្លូវការមួយមានទីតាំងក្នុងទីក្រុងភ្នំពេញ។  មជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបាននូវមូលនិធិជំនួយហិរញ្ញវត្ថុដ៏រឹងមាំប្រកបដោយតម្លាភាពនិងមានការគ្រប់គ្រង និងត្រួតពិនិត្យដោយប្រុងប្រយ័ត្នចំពោះការបែងចែកនូវធនធានជំនួយដ៏មានតម្លៃទាំងនោះដោយមិនជាប់ពាក់ពន្ធ័នឹងការប្រព្រឹត្តអំពើរពុករលួយនៅក្នុងតំបន់។

មជ្ឈមណ្ឌលឯកសារកម្ពុជា មានគោលបំណងចម្បងៗចំនួនពីរ៖ ទីមួយគឺដើម្បីកត់ត្រានិងថែរក្សាប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមសម្រាប់មនុស្សជំនាន់ក្រោយ។ ទីពីរគឺដើម្បីប្រមូលចងក្រងឯកសារប្រវត្តិសាស្ត្រនិងឯកសារដ៏ទៃទៀត ដែលអាចជាព័ត៌មានភស្តុតាងនិងមានសក្តានុពលដើម្បីជួយគាំទ្រដល់ដំណើរការស្វែងរកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ ក្នុងនាមជាឃ្លាំងផ្ទុកឯកសារដើមនៃរបបខ្មែរក្រហមដ៏ធំបំផុតក្នុងពិភពលោក មជ្ឈមណ្ឌលឯកសារកម្ពុជា មានតួនាទីឈានមុខក្នុងការផ្តល់ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលហៅកាត់ថា(អ.វ.ត.ក) នូវឯកសារភស្តុតាងចំនួនកន្លះលានច្បាប់ចេញពីបណ្ណសារដ៏ធំរបស់ខ្លួន រួមទាំងឯកសារសក្ខីកម្មរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

 

មជ្ឈមណ្ឌលឯកសារកម្ពុជា បានអនុញ្ញាតឲ្យចូលប្រើប្រាស់ក្នុងបណ្ណសារឌីជីថលរបស់ខ្លួនជាសាធារណៈ ដោយមិនមានលំអៀង មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ ប្រវត្តិវិទូ និងសាធារណជនទូទៅ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ដើរតួនាទីឈានមុខគេគ្រប់គោលការណ៍និងទស្សន:ទានរបស់ខ្លួន ក្នុងការថែរក្សាការចងចាំនិងយុត្តិធម៌។ ការថែរក្សាការចងចាំនិងយុត្តិធម៌ គឺជាមូលដ្ឋានគ្រឹះបម្រើដល់ការពង្រឹងនីតិរដ្ឋនិងទទួលបានជោគជ័យការផ្សះផ្សាជាតិដ៏ពិតប្រាកដ។

មជ្ឈមណ្ឌលឯកសារកម្ពុជា ដឹកនាំការសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សព្វផ្សាយនានាយ៉ាងទូលំទូលាយក្នុងគោលបំណងបង្កើនការយល់ដឹងស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម និងដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្រៀនអំពើប្រល័យពូជសាសន៍ដល់សាស្រ្តាចារ្យសាកលវិទ្យាល័យ គ្រូឧទ្ទេសថ្នាក់ជាតិនិងថ្នាក់ខេត្ត  ព្រមទាំងគ្រូបង្រៀនកំរិតវិទ្យាល័យទូទាំងប្រទេស។ មជ្ឈមណ្ឌលឯកសារកម្ពុជា ជួយលើកកម្ពស់និងផ្សព្វផ្សាយពីសិល្បៈនិងវប្បធម៌ដែលទាក់ទងទៅនឹងសង្គមក្រោយជម្លោះ ហើយក៏បន្តជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សម្រាប់ការស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួនដែលបានបាត់ខ្លួននៅក្នុងរបបនោះ។

ចាប់តាំងពីការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រនិងទស្សន:ទានរបស់ខ្លួនមក មជ្ឈមណ្ឌលឯកសារកម្ពុជា បានយកចិត្តទុកដាក់និងផ្តោតជាចម្បងលើការងារអភិវឌ្ឍន៍ការយល់ដឹងនិងការដោះស្រាយបញ្ហាប្រឈមនានា នៅតាមសហគមន៍ជនបទដាច់ស្រយាល។ តាមរយ:បទពិសោធន៍និងសកម្មភាពការងារដ៏ទូលំទូលាយនៅតាមមូលដ្ឋាន មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលកិច្ចសហការរនិងជឿទុកចិត្តពីក្រសួងនានានៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា មានទំនាក់ទំនងល្អប្រសើរនិងយូរអង្វែងជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងព្រះមហាក្សត្រកម្ពុជាផងដែរ។

លើសពីនេះទៀត មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតការទំនាក់ទំនងល្អនិងស្និទ្ធស្នាលជាមួយអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលនិងសាសនានានា។

Contact

Ros Sampeou, Director
DOCUMENTATION AND DEMOCRACY PROJECT
t: +855 (0)12 882 505
e: truthsampeou.r@18.139.249.29