មូលដ្ឋានទិន្នន័យ

We apologize for the inconvenience this situation may have caused and we appreciate your patience. Nous nous excusons des inconvénients que cette situation a pu vous causer et vous remercions de votre patience.

ប្រវត្តិនៃមូលដ្ឋានទិន្នន័យ មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) ប្រើប្រាស់មូលដ្ឋានទិន្នន័យដែលមានឯកសារចំនួន៤ប្រភេទ សម្រាប់ធ្វើបញ្ជីនិងបញ្ចូលទិន្នន័យឯកសារទាំងនេះ ដើម្បីជួយសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់ខ្លួន។ ព័ត៌មានភាគច្រើននៅក្នុងមូលដ្ឋានទិន្នន័យទាំងនេះ គឺមាននៅក្នុងបណ្ណសាររបស់យើងដែលបានចងក្រងរក្សាទុកឯកសាររាប់រយពាន់ទំព័រទាក់ទងនឹងខ្មែរក្រហមនិងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅចន្លោះ ខែមេសាឆ្នាំ១៩៧៥ ដល់ ខែមករាឆ្នាំ១៩៧៩។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមូលចងក្រងឯកសារទាំងនេះពីទីតាំងផ្សេងៗគ្នាដូចជា៖ សារមន្ទីរគុកទួលស្លែង ក្រសួងមហាផ្ទៃ បណ្ណសារជាតិ និងប្រភពមួយចំនួនផ្សេងទៀត។ បុគ្គលិករបស់យើង បានធ្វើបញ្ជីនិងបញ្ចូលព័ត៌មានពីឯកសារទៅក្នុងមូលដ្ឋានទិន្នន័យបានរាប់រយរាប់ពាន់ទំព័រ។

បណ្ណសាររបស់យើង មានឯកសារជាច្រើនប្រភេទស្ថិតក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ដែលរួមមាន៖ ឯកសារឆ្លើយឆ្លងជាផ្លូវការរបស់ខ្មែរក្រហម ជីវប្រវត្តិរបស់សមាជិកគណបក្សនិងការចាប់ខ្លួនមនុស្ស ចម្លើយសារភាពរបស់អ្នកទោស សៀវភៅកំណត់ហេតុរបស់កម្មាភិបាលខ្មែរក្រហម រូបថតរបស់កម្មាភិបាល​បក្សនិងអ្នកទោសគុកទួលស្លែង ខ្សែភាពយន្ត ការសែតថេបសម្លេង ទស្សនាវដ្តីបក្ស​ និងការបោះពុម្ពផ្សាយផ្សេងៗ ព្រមទាំងផែនទីកម្ពុជាប្រជាធិបតេយ្យ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏មានឯកសារមួយចំនួនទៀតដែលទាក់ទង សម័យមុនឆ្នាំ១៩៧៥ ក្នុងនោះរួមមាន៖ ឯកសារក្នុងរបបលន់នល់ ​ឯកសារសម័យក្រោយឆ្នាំ១៩៧៩ ប្រតិចារឹកបទសំភាសន៍របស់អ្នករស់រានមានជីវិត និងញត្តិជនរងគ្រោះក្នុងសម័យឆ្នាំ១៩៨២-១៩៨៣ ព្រមទាំងឯកសារនិងសំណេរឬកត់ត្រានានាជាច្រើនទៀត។

មជ្ឈមណ្ឌលឯកសារកម្ពុជា​ បានសម្រង់ព័ត៌មានចេញពីឯកសារទាំងនោះហើយបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យ៤​ប្រភេទ ដែលរួមមាន៖ មូលដ្ឋានទិន្នន័យជីវប្រវត្តិអ្នកទោស(Biographic Database) មូលដ្ឋានទិន្នន័យគន្ធនិទ្ទេស (Bibliographic Database) មូលដ្ឋានទិន្នន័យរូបថតអ្នកទោស(Photographic Database) និងមូលដ្ឋានទិន្នន័យទីតាំងភូមិសាស្ត្រ(Geographic Database)។ មូលដ្ឋានទិន្នន័យទាំង៤នេះគឺជាច្បាប់ចម្លងដើមនិងជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់មូលដ្ឋានទិន្នន័យស្តីពីអំពើរប្រល័យពូជសាសន៍នៅកម្ពុជា ហើយដែលទទួលបានការអនុញ្ញាតដោយគម្រោងកម្មវិធីអំពើរប្រល័យពូជសាសន៍នៅកម្ពុជា របស់សាកលវិទ្យាល័យយ៉េល(CGP)។ មូលដ្ឋានទិន្នន័យស្តីពីអំពើរប្រល័យពូជសាសន៍នៅកម្ពុជា គឺជាផលិតផលនៃកិច្ចសហការរវាងមជ្ឈមណ្ឌលឯកសារកម្ពុជា សាកលវិទ្យាល័យយ៉េល(CGP) និងសាកលវិទ្យាល័យញូសៅវែល​(UNSW)។ ក្នុងឆ្នាំ១៩៩៥ សាកលវិទ្យាល័យយ៉េល(CGP) បានបង្កើតការិយាល័យនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងទីក្រុងភ្នំពេញ ហើយបានចាប់ផ្តើមធ្វើការប្រមូលចងក្រងនិងបញ្ចូលទិន្នន័យ និងបានបញ្ជូនឯកសារទៅសាកលវិទ្យាល័យញូវសៅវែល សម្រាប់ការបញ្ចូលព័ត៌មានពីឯកសារទៅក្នុងមូលដ្ឋានទិន្នន័យដោយអនុលោមតាមកិច្ចសន្យារវាង​CGP និង UNSW។ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានក្លាយជាវិទ្យាស្ថានឯករាជ្យនៅកម្ពុជា ក្នុងឆ្នាំ១៩៩៧ ហើយបានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ​CGP និង​ UNSW សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានទិន្នន័យរហូតដល់កម្មវិធីការងារផ្លូវការរបស់ខ្លួន បានឈានដល់ការបញ្ចប់ប្រកបដោយជោគជ័យនៅក្នុងខែកញ្ញាឆ្នាំ២០០១។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរួមគ្នាប្រមូលចងក្រងនិងបញ្ចូលទិន្នន័យក្នុងកំណត់ត្រាគន្ធនិទ្ទេសបានចំនួន២.៩៦៣ឯកសារ កំណត់ត្រាជីវប្រវត្តិ ១០.៦៩០ឯកសារ រូបថតចំនួន៥.១៩០រូបថតនៃអតីតគុកទួលស្លែង និងព័ត៌មានទីតាំងភូមិសាស្ត្រជាច្រើនទៀតដូចជា៖ ទីតាំងនៃរន្ធណ្តៅសាកសពតូចធំ ទីតាំងរំលឹកវិញ្ញាណក្ខន្ធនៃអំពើរប្រល័យពូជសាសន៍ និងអតីតមន្ទីរឃុំឃាំងមួយចំនួនក្នុងរបបខ្មែរក្រហម។

ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០១ មជ្ឈមណ្ឌលឯកសារកម្ពុជាបានអភិវឌ្ឍន៍មូលដ្ឋានទិន្នន័យទាំងអស់នេះ ដោយបានបង្ហាញព័ត៌មានក្នុងទម្រង់កម្មវិធីផ្សេងគ្នា ហើយនឹងបានបញ្ចូលព័ត៌មានថ្មីៗទៀតជាបន្តបន្ទាប់។ ស៊ីជីភី(CGP) បានរក្សាសិទ្ធិលើរចនាសម្ព័ន្ធនៃមូលដ្ឋានទិន្នន័យនិងខ្លឹមសាររបស់ខ្លួន ដែលបានបញ្ចូលមុនខែកញ្ញា ឆ្នាំ២០០១ ហើយជាមួយគ្នានេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានថ្លែងអំណរគុណចំពោះការផ្តល់ឱកាសដើម្បីបំពេញបន្ថែមច្បាប់ចម្លងទិន្នន័យដើមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានទិន្នន័យថ្មីទាំងអស់នេះ។ ឧទាហរណ៍៖ យើងបានបន្ថែមកំណត់ត្រាចំនួន១៩.៧៥២ឯកសារ ទៅក្នុងទិន្នន័យច្បាប់ចម្លងនៃទិន្នន័យជីវប្រវត្តិដើមដែលបានអនុញ្ញាត ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏កំពុងនឹងបន្តបញ្ចូលព័ត៌មានថ្មីៗ បន្ថែមជាបន្តបន្តាប់ទៅក្នុងមូលដ្ឋានទិន្នន័យទាំងនេះផងដែរ។

មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើការរក្សាកម្មសិទ្ធិបញ្ញាលើការបន្ថែមព័ត៌មានថ្មីៗនិងការអភិវឌ្ឍន៍កែប្រែមូលដ្ឋានទិន្នន័យថ្មីទាំងអស់នេះ ហើយក៏បានព្យាយាមកំណត់ការរក្សាសិទ្ធិដ៏ត្រឹមត្រូវនៅលើកំណត់ត្រានីមួយៗនៅក្នុងកំណែមូលដ្ឋានទិន្នន័យថ្មីរបស់ខ្លួន ហើយព្រមទាំងរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាពជាមួយស៊ីជីភី(CGP)។

ទិដ្ឋភាពទូទៅនៃមូលដ្ឋានទិន្នន័យនានារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

១) មូលដ្ឋានទិន្នន័យជីវប្រវត្តិ (Biographic Database) – មានចំនួន ៣០.៤៤២ឯកសារប្រវត្តិរូប ត្រូវបានចុះបញ្ចូលនៅក្នុងមូលដ្ឋានទិន្នន័យនេះ។ ឯកសារទាំងនេះ គឺជាប្រវត្តិរូបរបស់ជនរងគ្រោះ(ពលរដ្ឋសាមញ្ញ) មេបញ្ជាការយោធា បុគ្គលិក កម្មាភិបាល បុគ្គលិកពេទ្យ អ្នកនាំសារយោធា និងសមាជិកខ្មែរក្រហម រួមទាំងអ្នកទោសដែលជាប់ក្នុងមន្ទីរសន្តិសុខនិងរងការធ្វើទារុណកម្មនៅក្នុងគុកទួលស្លែង(ស -២១)។

២) មូលដ្ឋានទិន្នន័យគន្ធនិទ្ទេស (Bibliographic Database) – មានចំនួន ២.៩៦៣ឯកសារ ដែលបានបញ្ចូលដោយមជ្ឈមណ្ឌលឯកសារកម្ពុជានិងCGP។ ឯកសារកំណត់ត្រាទាំងនេះ រួមមានចម្លើយសារភាពអ្នកទោសដែលប្រមូលបាននៅមន្ទីរសន្តិសុខក្រាំងតាចាន់ក្នុងខេត្តតាកែវនិងទីតាំងផ្សេងៗទៀតនៃរបបខ្មែរក្រហម ឯកសារបទសម្ភាសន៍ សៀវភៅនិងអត្ថបទសំណេរនានា ព្រមទាំងឯកសារបឋមមួយចំនួនទៀត។ ក្នុងពេលឆាប់ៗនេះមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងបញ្ចូលសម្រង់ព័ត៌មានបន្ថែមពីឯកសារប្រភេទឌី(D-Collection) របស់ខ្លួនដែលរួមមានចំនួន២៤.១៨៤ រួមមានដូចជា៖ ឯកសារសៀវភៅ អត្ថបទកាសែត ចម្លើយសារភាពសៀវភៅកត់ត្រានិងទូរលេខនានាក្នុងរបបខ្មែរក្រហម ហើយព្រមទាំងឯកសារចម្រុះផ្សេងៗ។

៣) មូលដ្ឋានទិន្នន័យរូបថត (Photographic Database) – មានរូបថតអ្នកទោសចំនួន៥.១៩០នាក់ ដែលត្រូវបានចាប់ខ្លួននិងបញ្ជូនទៅមន្ទីរសន្តិសុខទួលស្លែង(ស -២១)នៅក្នុងទីក្រុងភ្នំពេញ។ នាពេលអនាគតដ៏ខ្លីខាងមុខ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យទាំងនេះដោយធ្វើការបញ្ចូលបន្ថែមនូវឯកសាររូបថតចម្រុះផ្សេងៗ ដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហមនិងសកម្មភាពស្តីពីអំពើរប្រល័យពូជសាសន៍បានប្រព្រឹត្តនៅក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩។

៤) មូលដ្ឋានទិន្នន័យទីតាំងភូមិសាស្ត្រ (Geographic Database) – ទិន្នន័យនៃទីតាំងភូមិសាស្ត្រនេះ គឺបានប្រមូលផ្តុំនូវព័ត៌មានមួយចំនួន ស្ថិតក្នុងកំឡុងពេលនៃប្រព័ន្ធការស្ទង់មតិនិងការធ្វើការកំណត់ទីតាំងនានានៃមន្ទីរសន្តិសុខ ទីតាំងវាលពិឃាដ និងទីតាំងរណ្តៅសាកសពតូចធំដែលស្ថិតនៅក្នុងរបបខ្មែរក្រហម។ ប្រព័ន្ធកំណត់ទីតាំងនិងប្រព័ន្ធព័ត៌មានភូមិសាស្ត្រសកល(GPS and GIS)នេះ ត្រូវបានប្រើប្រាស់ដើម្បីប្រមូលចងក្រងនិងរៀបចំព័ត៌មានកំណត់ទីតាំងភូមិសាស្រ្តឌីជីថល(Digital Information)។

ចាប់តាំងពីឆ្នាំ១៩៩៥ មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើការស្ទាបស្ទង់មតិនិងគូសផែនទីភូមិសាស្រ្តបានចំនួន១៧០ស្រុក ក្នុងទូទាំងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតផែនទីកំណត់ទីតាំងភូមិសាស្រ្តលម្អិតទាក់ទងនឹងមន្ទីរសន្តិសុខក្នុងរបបខ្មែរក្រហម ទីតាំងសម្លាប់មនុស្សនិងរណ្តៅសាកសពតូចធំ ព្រមទាំងទីតាំងរំលឹកវិញ្ញាណក្ខន្ធនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ គម្រោងផែនទីនេះ មានគោលបំណងបង្កើតជាផែនទីភូមិសាស្រ្តលម្អិតទាក់ទងនឹងទីតាំងនៃអំពើរប្រល័យពូជសាសន៍ទាំងអស់ សម្រាប់បម្រើជាធនធានដ៏សំខាន់ចំពោះការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រនិងការស៊ើបអង្កេតផ្នែកច្បាប់។ ផ្អែកលើប្រព័ន្ធមូលដ្ឋានទិន្នន័យស្វែងរកព័ត៌មានរបស់អាយស៊ីស(ISIS) មូលដ្ឋានទិន្នន័យនីមួយៗ គឺដំណើរការស្វែងរកព័ត៌មានដាច់ដោយឡែកពីគ្នា ហើយអាចស្វែងរកព័ត៌មានបានតាមរយ: មូលដ្ឋានទិន្នន័យជីវប្រវត្តិ, មូលដ្ឋានទិន្នន័យគន្ធនិទ្ទេស, មូលដ្ឋានទិន្នន័យរូបភាព, និងមូលដ្ឋានទិន្នន័យព័ត៌មានភូមិសាស្ត្រ។ សម្រាប់មូលដ្ឋានទិន្នន័យជីវប្រវត្តិ(Biographic Database) គឺអាចស្វែងរកព័ត៌មាននានាទាក់ទងនឹងប្រវត្តិរូបរបស់អ្នកទោសមន្ទីរសន្តិសុខគុកទួលស្លែង(ស -២១) រួមទាំងប្រវត្តិរូបរបស់សមាជិកខ្មែរក្រហម។ មូលដ្ឋានទិន្នន័យគន្ធនិទ្ទេស(Bibliographic Database) គឺជាបញ្ជីឯកសារចម្រុះដែលទាក់ទងនឹងឯកសាររបបខ្មែរក្រហម ឯកសារយោងសៀវភៅ និងឯកសារស្រាវជ្រាវនានាស្តីពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម។ មូលដ្ឋានទិន្នន័យរូបថត(Photographic Database) គឺអាចស្វែងរករូបថតអ្នកទោសគុកទួលស្លែងនិងសមាជិកខ្មែរក្រហម។ មូលដ្ឋានទិន្នន័យនៃទីតាំងភូមិសាស្ត្រ(Geographic Database) គឺអាចស្វែងរកមានព័ត៌មានលំអិត ស្តីពីទីតាំងភូមិសាស្រ្ត តួលេខនៃមន្ទីរសន្តិសុខ និងរណ្តៅសាកសពរួមតូចធំ ហើយព្រមទាំងទីតាំងស្តូបរំលឹកវិញ្ញាណក្ខន្ធនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជាជាច្រើនផ្សេងទៀត។